ព័ត៌មានចុងក្រោយ
អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា
ការងារWNU
សាកល្បង៖ ក្រុមតន្ត្រីយុវវ័នាំសារ ជាក្រុមកម្មការិនីដែលច្រៀងដើម្បីសិទ្ធិរបស់ពួកគេ
ភ្នំពេញ ថ្ងៃទី១ តុលា (ទីភ្នាក់ងារព័ត៌មាន EFE) អតីតកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៦នាក់ បានផលិតតន្ត្រីអស់រយៈពេល ១០ឆ្នាំមកហើយ សម្រាប់ចលនាមួយដែលស្វែងរកការកែលម្អលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មដ៏សំខាន់បំផុតរបស់កម្ពុជា។ ក្រុមតន្ត្រី Messenger Band ឬហៅកាត់ថា MB បានចាប់ផ្តើមតែងបទចម្រៀងអំពីរឿងរ៉ាវដែលសមាជិករបស់ខ្លួនដឹងច្បាស់បំផុត នោះគឺការរំលោភបំពានដែលស្ត្រីរាប់សែននាក់បានជួបប្រទះ បន្ទាប់ពីពួកគេបានសម្រេចចិត្តចាកចេញពីតំបន់ជនបទនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីមកបម្រើការងារឱ្យរោងចក្រនានានៅទីក្រុង។ ខ្លឹមសារនៅក្នុងបទចម្រៀងដ៏ពេញនិយមបំផុតមួយរបស់ MB មានន័យថា៖ "ទីណាមានការជិះជាន់ ទីនោះកម្មករគួរតែក្រោកឈរឡើង បន្តការតស៊ូ សាមគ្គីភាពនឹងជួយឱ្យយើងឈ្នះ។ ដូចពាក្យចាស់ពោលថា ចង្កឹះមួយបាច់កាច់មិនបាក់ទេ ជ័យជម្នះមិនមែនបានមកដោយងាយឡើយ ឱ! កម្មករអើយ ចូរចូលរួមតស៊ូទាំងអស់គ្នា។" អ្នកចម្រៀង និងជាប្រធានក្រុម អ្នកស្រី វុន អេម បានចាប់ផ្តើមធ្វើការនៅរោងចក្រមួយនៅជាយក្រុងភ្នំពេញ តាំងពីគាត់មានអាយុ ១៦ ឆ្នាំ។ គាត់មកពីខេត្តកំពង់ចាម នៅភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីស្វែងរកប្រាក់ឈ្នួលប្រសើរជាងមុនយកមកជួយផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីបម្រើការងារដេរបានរយៈពេល ៥ ឆ្នាំ អ្នកស្រី អេម បានជាប់ការប្រឡងចម្រៀងដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលមួយ ហើយចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមនុស្សប្រមាណ ៧សែននាក់ ដែលភាគច្រើនជាស្ត្រី បម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។ សកម្មជនរូបនេះបាននិយាយថា៖ "យើងបានចាប់ផ្តើមរៀនសូត្រពីខ្លួនយើងផ្ទាល់ ពីជីវិតរបស់យើង ថាហេតុអ្វីយើងត្រូវតែរៀនសូត្រ ហេតុអ្វីយើងត្រូវតែចែករំលែករឿងរ៉ាវ ស្ថានភាពការងាររបស់យើង និងថាតើយើងអាចផ្លាស់ប្តូរវាដោយរបៀបណា។" ចាប់តាំងពីការចាប់ផ្តើមដំបូងមក បទចម្រៀងរបស់ក្រុមនេះ ក៏បានរួមបញ្ចូលនូវអាជីពចំនួនពីរផ្សេងទៀតដែលស្ត្រីងាយរងគ្រោះបំផុត គឺកសិករ និងអ្នកបម្រើសេវាកម្សាន្ត (ស្ត្រីរកស៊ីផ្លូវភេទ)។ ទោះបីជាយ៉ាងណាក៏ដោយ បទចម្រៀងរបស់ក្រុម MB ត្រូវបានគេស្គាល់ច្រើនជាងនៅក្នុងចលនាកម្មករកាត់ដេរ ដែលបានឈានដល់ចំណុចកំពូលបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។ ក្រុមអ្នកចម្រៀង Messenger Band ក៏បានស្ថិតនៅជាមួយកម្មករធ្វើកូដកម្មកាលពីខែមករា ឆ្នាំ២០១៤ ផងដែរ នៅពេលដែលមន្ត្រីកងកម្លាំងពិសេសឆ័ត្រយោង ៩១១ ដ៏គួរឱ្យខ្លាច បានបាញ់ប្រហារមកលើក្រុមនោះ ដែលបណ្តាលឱ្យអ្នកតវ៉ាចំនួន ៤នាក់បានស្លាប់។ អ្នកស្រី អេម បានបន្តថា៖ "សមាជិកផ្សេងទៀតស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាងខ្ញុំទៅទៀត ដោយសារពួកគេបានឈរច្រៀងនៅលើដំបូលរ៉ឺម៉កកង់បី (Tuk-Tuk) ដើម្បីលើកទឹកចិត្តអ្នកតវ៉ាឱ្យនៅរួបរួមគ្នា និងមិនឱ្យប្រើប្រាស់អំពើហិង្សា។" កម្មការិនីកាត់ដេរបានទាមទារឱ្យប្រាក់ឈ្នួលអប្បបរមា ដែលរដ្ឋាភិបាលបានកំណត់ត្រឹម ១០០ដុល្លារនៅឆ្នាំនោះ ត្រូវដំឡើងជាបន្តបន្ទាប់រហូតដល់ ១៦០ដុល្លារ នៅត្រឹមឆ្នាំ២០១៨ ដើម្បីទូទាត់ឱ្យសមស្របទៅនឹងការចំណាយលើការរស់នៅជាមូលដ្ឋាន។
សកម្មភាពរបស់WIC
សាកល្បង
អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ
ការងារSACD
រឿងរ៉ាវព័ត៌មានលេចធ្លោ
មណ្ឌលព័ត៌មានកម្មករធ្វើការងារគាំទ្រដល់កម្មការិនី-កម្មករនៅកម្ពុជា
ការសន្យានៃ Title IX កំពុងស្ថិតក្រោមសម្ពាធយ៉ាងពិតប្រាកដ។ ការប្រែប្រួលនៃការបកស្រាយ ផលប៉ះពាល់ផ្នែកនយោបាយ និងការពិនិត្យយ៉ាងដិតដល់លើសាលារៀនដែលគាំទ្រសិស្សានុសិស្ស បាននិងកំពុងកែប្រែទម្រង់នៃការអនុវត្តច្បាប់។
មើលវីដេអូទាំងអស់